សហរដ្ឋអាមេរិក បន្ដប្រគល់វត្ថុបុរាណខ្មែរមកឱ្យ​កម្ពុជាវិញ

Khmer Artifacts.jpg

វត្ថុបុរាណខ្មែរដែលសហរដ្ឋអាម៉េរិកប្រគល់ត្រឡប់មកវិញ។

Get the SBS Audio app

Other ways to listen

កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ វត្ថុបុរាណខ្មែរ ចំនួន ៧០រូប ត្រូវបានសហរដ្ឋអាមេរិក ប្រគល់ឱ្យកម្ពុជាវិញ។ ពិធីប្រគល់ និងទទួលវត្ថុបុរាណខ្មែរទាំងនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើនៅឯវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។


ក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វត្ថុបុរាណ ដែលខ្មែរយើង ទទួលបានមកវិញ នាពេលនេះ គឺជាមរតកដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន។ ការវិលត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង ជាប់មិនដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា ជាពិសេសរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញា សង្កាត់ម៉ាន់ហាថាន។

( លោក ហ៊ុន ម៉ាណែត )

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបន្ថែមថា កម្ពុជាកំពុងធ្វើការស្រាវជ្រាវជាបន្ត ដើម្បីស្វែងរកវត្ថុបុរាណខ្មែរ ដែលបានបាត់បង់ទៅបណ្ដាប្រទេសជាមិត្តនានាបន្ថែមទៀត និងបានអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុបុរាណទាំងនោះ ដោយស្ម័គ្រចិត្តជូនមកកម្ពុជាវិញ។

សូមបញ្ជាក់ថា វត្ថុបុរាណ ដែលជាសម្បត្តិវប្បធម៌ខ្មែរ សរុបចំនួន ៧០រូប ដែលអាមេរិក ប្រគល់ឱ្យកម្ពុជាវិញ នាពេលនេះ គឺតាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ការចរចា ការរឹបអូស ការទាមទារ និងតាមផ្លូវតុលាការ បានត្រូវប្រគល់មកវិញ ពី៖ គ្រួសារ Lindemann, លោក James Clark និងសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក, ព្រមទាំងពីម្ចាស់សមុច្ច័យ ឯកជននានា នៅសហរដ្ឋអាមេរិក។ ក្នុងចំណោមវត្ថុវិចិត្រទាំងនេះ មានរូបបដិមាសំខាន់ៗ មួយចំនួន ផ្នែកព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេសបដិមាថ្មធំៗ ដ៏ប្រណីត ដូចជា បដិមាទេពនៃទេវកថា បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកសូ ដែលត្រូវបានផ្គុំភ្ជាប់ឡើងវិញ ជាមួយនឹងដងខ្លួនរបស់ព្រះអង្គ ស្ថិតនៅសារមន្ទីរជាតិភ្នំពេញ ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំ ដោយសារសង្គ្រាម និងការជួញដូរខុសច្បាប់។

កន្លងមក សហរដ្ឋអាមេរិក ក៏បានប្រគល់វត្ថុបុរាណខ្មែរ ជាច្រើន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់ ផងដែរ។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៦ រហូតដល់ខែកក្កដា ឆ្នាំ២០២៤ វត្ថុសិល្បៈខ្មែរ សរុបចំនួន ១០៩៨ វត្ថុ ក្នុងនោះ ៥៧១វត្ថុ ប្រគល់ដោយសប្បុរជន និង៥២៧វត្ថុ ប្រគល់ដោយរដ្ឋាភិបាល ឬ ស្ថាប័ននានា។ ការប្រគល់ត្រលប់នូវវត្ថុបុរាណខ្មែរទាំងនេះ គឺពីប្រទេសចំនួន ១៥ រួមមាន៖ សហរដ្ឋអាមេរិក, បារាំង, អូស្ត្រាលី, អង់គ្លេស, ថៃ, ជប៉ុន, ឥណ្ឌូនេស៊ី, ហូឡង់, ស្វីស, កាណាដា, ដាណឺម៉ាក, អាល្លឺម៉ង់, ហុងគ្រី, នូវេលហ្សេឡង់ និងចិន៕


Share