ក្រសួងការពារជាតិកម្ពុជា ច្រានចោលឃ្លីបក្លែងក្លាយដែលថាមានការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត

Cambodia Ministry of Defend spokewoman.jpg

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ។

Get the SBS Audio app

Other ways to listen

ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបដិសេធដាច់អហង្ការ ចំពោះឃ្លីបវីដេអូក្លែងកា្លយ ជាភាសាចិន ដែលបានចោទថា ថ្នាក់ដឹកនាំក្រសួងការពារជាតិ បានដឹកនាំកងទ័ព ធ្វើរដ្ឋប្រហារ ទម្លាក់រាជរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។


សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ ប្រកាសដោយលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានលើកឡើងថា «ស្របពេលដែលក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បានបំភ្លៃការពិត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ជាលេសបំផុសបំផុល ញុះញង់ អុជអាល់ និងអូសទាញប្រជាពលរដ្ឋស្លូតត្រង់ក្នុងស្រុក ឱ្យចូលរួមធ្វើកុបកម្មហិង្សាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ មានឃ្លីបវីដេអូមួយជាភាសាចិន ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងកា្លយថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ បានដឹកនាំកងទ័ពធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល និងបានសម្រុកចូលទីស្តីការគណៈរដ្ឋមន្ត្រី ចាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងចូលក្នុងគេហដ្ឋាន ចាប់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា»។

ចំពោះការផ្សព្វផ្សាយដូច្នេះ ត្រូវបានលោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសបដិសេធយ៉ាងដាច់អហង្ការ ចំពោះឃ្លីបវីដេអូនេះ ដែលបានចោទប្រកាន់ទាំងកំរោល ដោយគ្មានភស្តុតាង មកលើថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលជាកងកម្លាំងស្មោះត្រង់ដាច់ខាត ចំពោះរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតពីការបោះឆ្នោត និងប្រកាន់ជំហរយ៉ាងរឹងមាំឥតងាករេ ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ។

(សម្ភាស​លោកស្រី​ ម៉ាលី សុជាតា...............)

ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានប្រកាសថា ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ សូមប្រកាសជាឱឡារិក ប្តេជ្ញាស្មោះត្រង់ដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងប្តេជ្ញាការពារនិងទប់ស្កាត់មិនឱ្យក្រុមណា ឬមជ្ឈដ្ឋានណាអាចមកបំផ្លាញសាមគ្គីភាពផ្ទៃក្នុងជាតិ សុខសន្តិភាព ស្ថិរភាពជាតិ - សណ្ដាប់ធ្នាប់សង្គម និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនទោះក្នុងតម្លៃណាក៏ដោយ។

ប៉ុន្មានថ្ងៃមកនេះ ក៏មានព័ត៌មានមិនពិត ពាក់ព័ន្ធនឹងលោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងកូនប្រុសរបស់លោក គឺលោក ស សុខា ដែលបានបន្តវេន កាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផងដែរ។ នោះគឺមានការផ្សព្វផ្សាយថា លោក ស ខេង ជាបេក្ខភាពនាយករដ្ឋមន្ត្រី ហើយក៏មានការផ្សាយព័ត៌មានមិនពិតថា លោក ស ខេង និងលោក ស សុខា ត្រូវបានលោក ហ៊ុន សែន ចាប់ឃុំឃាំងនៅក្នុងផ្ទះ ដោយសារតែមិនគាំទ្រតំបន់អភិវឌ្ឍ CLV ជាដើម។

ប៉ុន្តែឪពុកកូនទាំងពីរ គឺលោក ស ខេង និងលោក ស សុខា តាមរយៈខុទ្ទកាល័យ និងអ្នកនាំពាក្យ បានចេញមកប្រកាសច្រានចោលនូវការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំនេះ ហើយថា លោក ស ខេង មិនមានបំណងប្រជែងតំណែងនាយករដ្ឋមន្ត្រីទេ។ លោកទាំងពីរឪពុក និងកូននេះ ក៏មិនត្រូវបានចាប់ឃុំឃាំងនៅក្នុងផ្ទះឡើយ។ លោកទាំងពីរ ក៏គាំទ្រការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ផងដែរ៕


Share