អាកាសយានិក​២រូបដែល​បាត់ដំណឹង​ជាមួយ​ឧទ្ធម្ភាគចក្រ​១គ្រឿង នៅ​មិនទាន់រកឃើញ

Helicopter search.jpg

កងកម្លាំងរុករក បន្តបេសកកម្មស្វែងរកអាកាសយានិក និងឧទ្ធម្ភាគចក្រយោធាដែលបាត់ការទាក់ទង។

Get the SBS Audio app

Other ways to listen

គិតមកទល់នឹងថ្ងៃទី២៣ ខែកក្កដានេះ គឺអស់រយៈពេល ១២ ថ្ងៃមកហើយ ដែលឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ប្រភេទ Z-9 រួមជាមួយអាកាសយានិក ចំនួន ២រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស ខណៈពេលកំពុងហ្វឹកហ្វឺនហោះហើរផ្លូវឆ្ងាយ ក្នុងភូមិសាស្រ្តជួរភ្នំក្រវាញ រវាងព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។


ទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់ពីពេលបាត់ដំណឹង មកទល់នឹងពេលនេះ គឺមិនមានមួយវិនាទីណា ដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចចោលនោះទ្បើយ ខណៈដែលការស្វែងរកបានចាប់ផ្តើមភ្លាមៗ បន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដី នៅហ្នឹងកន្លែង។

មកដល់ពេលនេះ លោក ហ៊ុន ម៉ាណែត បានប្រកាសថា កងកម្លាំងរុករក បានបន្តបេសកកម្មទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំង ឬភ្លៀង និងមិនថាក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេ ក៏ការស្វែងរកអាកាសយានិកទាំងពីររូប នៅតែបន្តជានិច្ច។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះ ត្រូវតែបន្តទៅមុខ រហូតដល់អាចរកឃើញអាកាសយានិកទាំងពីររូប។

លោកនាយករដ្ឋមន្ត្រី ក៏សង្ឃឹមយ៉ាងមុតមាំថា នឹងអាចរកឃើញអាកាសយានិកទាំងពីររូប ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ប្រភេទ Z-9 រួមនឹងកងកម្លាំងទ័ពអាកាសចំនួន ២រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស ពេលកំពុងហាត់ហ្វឹកហ្វឺនហោះហើរ ផ្លូវឆ្ងាយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងតំបន់ជួរភ្នំក្រវាញ រវាងព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ ក្រុមជួយសង្គ្រោះ ដែលមានការចូលរួមពីបណ្តាកងឯកភាពពាក់ព័ន្ធ កំពុងប្រតិបត្តិការរុករក ទាំងថ្មើរជើង និងពីលើដែនអាកាស។ ប៉ុន្តែមកដល់ថ្ងៃទី២៣កក្កដា ឆ្នាំ២០២៤ គឺនៅមិនទាន់មានតម្រុយណាមួយនៅឡើយទេ៕


Share