លោក អេភូថង នាំកូនប្រុស និងកូនសិស្សប្រដាល់ វិលត្រឡប់ពីប្រទេសអូស្ត្រាលីទៅកម្ពុជាវិញជាមួយនឹងជោគជ័យដ៏សម្បើម

Boxer at Phnom Penh Airport.jpg

ក្រុមកីឡាករគុណខ្មែរដែលមកប្រកួតនៅប្រទេសអូស្រ្តាលី វិលត្រឡប់ទៅវិញជាមួយជោគជ័យដ៏ធំ។

Get the SBS Audio app

Other ways to listen

កូនប្រុស ២នាក់របស់ស្តេចប្រដាល់កម្ពុជា លោក អេភូថង រួមទាំងអ្នកប្រដាល់កម្ពុជាច្រើននាក់ទៀត បានទៅប្រកួតប្រដាល់នៅប្រទេសអូស្ត្រាលី កាលពីចុងសប្តាហ៍កន្លងទៅនេះ។


ក្នុងនោះ អ្នកបន្តវេនត្រកូលអ្នកប្រដាល់កម្ពុជា គឺ អេ អាំម៉ារីនភូថង អាយុ ២០ឆ្នាំ ដែលជាកូនប្រុសពៅរបស់លោក អេ ភូថង បង្កើតបាននូវកំណត់ត្រាថ្មី ដោយឈ្នះខ្សែក្រវាត់ ជាលើកដំបូងរបស់ខ្លួន នៅលើទឹកដីប្រទេសអូស្រ្តាលី។

ចំណែកបងប្រុសរបស់គេ គឺអេ វីរខាំឈិតភូថង ហៅ ម៉ឺន មេឃា ក៏បានឈ្នះខ្សែក្រវាត់ ក្នុងពេលជាមួយគ្នានោះផងដែរ។ ប៉ុន្តែជើងខ្លាំង ពេជ្រ សម្បត្តិ បានរបូតខ្សែក្រវាត់ ដោយចាញ់អ្នកប្រដាល់របស់ថៃ។

ការប្រកួតដណ្តើមខ្សែក្រវាត់នេះ បានធ្វើឡើង ក្នុងកម្មវិធី Kun Khmer Super Fight & BOB ដែលបានធ្វើនៅទីក្រុង Melbourne ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

អេ អាំម៉ារីន បានវ៉ៃកែង បណ្តាលឱ្យម្ចាស់ខ្សែក្រវាត់ស្ថាប័ន Rise របស់អូស្រ្តាលី Clinton Corke បែកនៅលើចិញ្ចើមឆ្វេង និងមានឈាមហូរតាមច្រមុះ នៅក្នុងទឹកទី៣ បន្ទាប់ពីរូបគេ បានវាយបែបស្ទាបស្ទង់ និងសន្សំកម្លាំង អស់រយៈពេល ២ទឹក។

កីឡាករ Clinton Corke ត្រូវបានអាជ្ញាកណ្តាល រុញទៅឱ្យគ្រូពេទ្យ ប្រចាំសង្វៀនពិនិត្យរបួសបែកនេះ បន្ទាប់ពីមានឈាមហូរច្រើនពេក ក្រោមការវ៉ៃបន្ថែមម្តងហើយម្តងទៀតរបស់ អេ អាំម៉ារីន ប៉ុន្តែ Clinton Corke នៅតែសុំគ្រូពេទ្យប្រកួតបន្ត ទោះស្ថានភាពបែករបស់គេ កាន់តែធំក្ដី។

តែទោះបីជាយ៉ាងណា នៅក្នុងស្ថានភាពដ៏អំណោយផលនេះ អេ អាំម៉ារីន បានព្យាយាមម៉ាត់ ធាក់ និងវាយកែង ទៅលើរបួសរបស់ Clinton Corke ជាបន្តបន្ទាប់ ហើយដោយសារឃើញមានឈាមហូរកាត់មុខច្រើនពេក ស្របពេល Clinton Corke ក៏ស្ថិតក្រោមការវាយសង្រ្គប់ខ្លាំងរបស់ អាំម៉ារីន គឺលោកអាជ្ញាកណ្តាល បានសម្រេចបញ្ឈប់ការប្រកួត និងផ្តល់ជ័យជម្នះឱ្យ អាំម៉ារីន នៅចុងទឹកទី៣នេះតែម្តង។

អេ អាំម៉ារីន បានស្រែកយំ ដូចកូនក្មេង ព្រោះគេរំភើបខ្លាំងពេក ជាមួយជ័យជម្នះដ៏សំខាន់នេះ ដ្បិតអីវាជាពេល ដែលរូបគេ បានឈ្នះខ្សែក្រវាត់ជាលើកដំបូង ក្នុងអាជីព ហើយអ្វីដែលកាន់តែពិសេសនោះ ការផ្តួលកីឡាករជើងចាស់ Clinton Corke ឱ្យសន្លប់នេះ ក៏បានជួយឱ្យ អាំម៉ារីន ឈ្នះបានកាដូយក្ស គឺការទទួលបានឡានថ្មីសន្លាង ប្រភេទ Pick up ដែលមានតម្លៃប្រមាណ ៤ម៉ឺនដុល្លារពីស្រាបៀរ Ganzberg ផងដែរ។

នៅក្នុងការប្រកួត នៅលើទឹកដីប្រទេសអូស្រ្តាលី ជាលើកដំបូងនេះ Ganzberg បានផ្តល់លក្ខខណ្ឌដណ្តើមឡានថ្មី ដល់បេក្ខភាពកីឡាករកម្ពុជា ចំនួន ៣នាក់ ដែលប្រកួតដណ្តើមខ្សែក្រវាត់ គឺអ្នកអាចផ្តួលដៃគូឱ្យសន្លប់បានលឿនជាងគេ នឹងក្លាយជាម្ចាស់ឡានថ្មីនេះ ហើយតាមរយៈការប្រកួតនោះ ម៉ឺន មេឃា ដែលចូលខ្លួនប្រកួតជំនួស លន បញ្ញា គឺបានយកឈ្នះជើងខ្លាំងរបស់អូស្រ្តាលី Cian Lougheed ដោយពិន្ទុទាំងលំបាក ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ ទម្ងន់ ៦៥គីឡូក្រាម។ ប៉ុន្តែជើងខ្លាំង ពេជ្រ សម្បត្តិ របស់កម្ពុជា បានចាញ់កីឡាករថៃ Tum Kitti Patkam ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ ទម្ងន់ ៦០គីឡូក្រាម។

យ៉ាងណាក៏ដោយ លោក អេ ភូថង ពិតជាមានមោទនភាពខ្លាំង ទៅលើកូនប្រុសទាំង២របស់លោក ដែលបានឈ្នះខ្សែក្រវាត់ នៅអូស្រ្តាលី ជាពិសេសជ័យជម្នះរបស់ អេ អាំម៉ារីន តែម្តង។

នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អេ ភូថង ស្តេចប្រដាល់កម្ពុជា បានថ្លែងយ៉ាងដូច្នេះ៖
( សំឡេង )

ចំណែក អេ អាំម៉ារីន ភូថង ដែលទើបក្លាយជាម្ចាស់ខ្សែក្រវាត់ និងទទួលបានកាដូឡានថ្មី ១គ្រឿងផងនោះ បានប្រាប់អ្នកកាសែត ក្នុងពេលអង្គុយក្នុងឡានថ្មីយ៉ាងដូច្នេះថា៖
( សំឡេង )

សូមរម្លឹកថា ការធ្វើដំណើរវិលត្រឡប់របស់ក្រុមកីឡាករកម្ពុជា ដឹកនាំដោយលោក អេភូថង ពីប្រទេសអូស្ត្រាលី មកកាន់កម្ពុជាវិញ ត្រូវបានពន្យារពេល ១ថ្ងៃ។ មូលហេតុ ដោយសារមានបញ្ហាខកជើងហោះហើរ។ តាមគម្រោង ក្រុមអ្នកប្រដាល់កម្ពុជា ត្រូវមកដល់កម្ពុជា នៅយប់ថ្ងៃទី៧ ខែវិច្ឆិកា។ តែត្រូវពន្យារពេល រហូតដល់រសៀលថ្ងៃទី៨វិច្ឆិកា ទើបលោក អេភូថង នាំកូនៗ និងសិស្សប្រដាល់របស់លោកច្រើននាក់ មកដល់មាតុប្រទេសវិញ ដោយសុវត្ថិភាព៕



Share