តុលាការសម្រេចឃុំខ្លួនក្រុមផ្សព្វផ្សាយតាមហ្វេសប៊ុក គម្រោងអភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម នៅពន្ធនាគារ

អាជ្ញាធរចាប់ខ្លួនមនុស្ស ៤នាក់ ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម

អាជ្ញាធរចាប់ខ្លួនមនុស្ស ៤នាក់ ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម

Get the SBS Audio app

Other ways to listen

មនុស្ស ៤នាក់ ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម ត្រូវបានតុលាការ សម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារហើយ។ អ្នកទាំង ៤នាក់នោះ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ នៅខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយសារពួកគេ បានធ្វើអត្ថាធិប្បាយ ដែលរាជរដ្ឋាភិបាល ចាត់ទុកថា ជាការមួលបង្កាច់ ប្រឌិតព័ត៌មានមិនពិត អំពី“គម្រោងអភិវឌ្ឍតំបន់ត្រីកោណ រវាងប្រទេសកម្ពុជា ឡាវ និងប្រទេសវៀតណាម (CLV-DTA)” ។


អ្នកទាំង៤ នោះ ត្រូវបានចាប់ឃុំខ្លួន ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលអំឡុងខែកក្កដា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ ដែលជាបទល្មើសព្រហ្មទណ្ឌ។

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបញ្ជាក់យ៉ាងដូច្នេះថា៖

( សំឡេង )

ចំណែកអ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងសេចក្តីប្រកាសថា ជនត្រូវចោទចំនួន ៤នាក់ រួមមាន ទី១.ឈ្មោះ ស៊្រុន ស៊្រន ភេទប្រុស ទី២.ឈ្មោះ ភឹង សោភា ភេទស្រី ទី៣.ឈ្មោះ ចក់ ប៊ានមុន្នី ភេទប្រុស ៤.ឈ្មោះ សាន សិទ្ធ ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលអំឡុងខែកក្កដា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ ដែលជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យសាលាដំបូង រាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ជនត្រូវចោទទាំង ៤នាក់ និងបក្ខពួក បានផ្សាយផ្ទាល់វីដេអូ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Srun Srorn ព្រមទាំងបង្ហោះចូលក្នុងផេកហ្វេសប៊ុករបស់ខ្លួន ពាក់ព័ន្ធទៅនឹង “គម្រោងអភិវឌ្ឍ តំបន់ត្រីកោណរវាងរដ្ឋាភិបាល កម្ពុជា ឡាវ វៀតណាម (CLV-DTA)” និងបានធ្វើការអត្ថាធិប្បាយ ដែលមានចរិកលក្ខណៈមួលបង្កាច់ ប្រឌិតព័ត៌មានមិនពិត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសកម្មភាពនេះ បានបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ។

សេចក្តីប្រកាស បន្តថា បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង ៤នាក់ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានប្រកាសថា នឹងបន្តអនុវត្តច្បាប់ ដោយម៉ឺងម៉ាត់ ចំពោះសកម្មភាពដែលមានចរិកលក្ខណៈមួលបង្កាច់ ប្រឌិតព័ត៌មានមិនពិត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

គួរបញ្ជាក់ថា មាត្រា៤៩៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា ការញុះញង់ អាចត្រូវផ្តន្ទាទោស កាលបើអំពើនោះ ត្រូវបានប្រព្រឹត្ត ទី១-ដោយសំដីតាមប្រភេទណាក៏ដោយ ដែលប្រកាស នៅក្នុងទីកន្លែងសាធារណៈឬនៅក្នុងពេលប្រជុំជាសាធារណៈ។ ទី២-ដោយសំណេរ ឬគំនូរ តាមប្រភេទណាក៏ដោយ ដែលត្រូវផ្សព្វផ្សាយ នៅក្នុងចំណោមសាធារណជន ឬតាំងឱ្យសាធារណជនមើល និង៣-ដោយគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ សម្រាប់សាធារណជន។

ដោយឡែក តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើញុះញង់ដោយផ្ទាល់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមធ្យោបាយណាមួយ ក្នុងចំណោមមធ្យោបាយ ដែលមានចែងក្នុងមាត្រា ៤៩៤ នៃក្រមក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី មួយលានរៀល ទៅបួនលានរៀល ប្រសិនបើការញុះញង់នេះ គ្មានប្រសិទ្ធភាពទេ។

សូមរម្លឹកថា ដោយសារតែតាមបណ្តាញសង្គម មានប្រជាពលរដ្ឋខ្មែរមួយចំនួន ពិសេសអ្នករស់នៅក្រៅស្រុក បានលើកឡើងថា គម្រោងអភិវឌ្ឍន៍ត្រីកោណ រវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម បានធ្វើឱ្យកម្ពុជា កាត់ដី ៤ខេត្ត នៅជាប់ព្រំដែនឡាវ និងវៀតណាម រួមមាន ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដាក់ចូលទៅក្នុងទឹកដីវៀតណាម គឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសារ ជូនជនរួមជាតិ ដោយមានផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ និងផ្សាយផ្ទាល់តាមបណ្តាញសង្គម។ លោក ហ៊ុន សែន បានច្រានចោលនូវការលើកឡើងខុសការពិត ដោយលោក បានបញ្ជាក់ថា មិនមានការកាត់ទឹកដី ៤ខេត្ត ឱ្យទៅវៀតណាម ក្រោមរូបភាពកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម នោះទេ។

តាមប្រមុខដឹកនាំគណបក្សកាន់អំណាច លោក ហ៊ុន សែន កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) នេះ ធ្វើឡើងតែក្នុងក្របខណ្ឌអាជ្ញាធរប្រទេសទាំងបី ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ សន្ដិសុខ និងការគ្រប់គ្រងគ្រោះមហន្តរាយ ជាដើម។ ពោលគឺមិនពាក់ព័ន្ធនឹងរឿងទឹកដី ឬធនធានធម្មជាតិឡើយ។ ប្រទេសនីមួយៗ រួមទាំងកម្ពុជាយើង រក្សាអធិបតេយ្យភាពជាតិរៀងៗខ្លួន ដោយគ្មានអ្នកណាបំពានបានឡើយ៕

 


Share