មនុស្ស​យ៉ាងហោចណាស់៣១នាក់ត្រូវ​ចាប់​ខ្លួន ពាក់ព័ន្ធគម្រោងបាតុកម្ម នាថ្ងៃទី ១៨សីហា

CLV arrest.jpg

មនុស្សយ៉ាងហោចណាស់ ៣១នាក់ ត្រូវបានចាប់ខ្លួន ក្នុងអ្វីដែលរដ្ឋាភិបាលហៅថា ជាអំពើប៉ុនប៉ង់ធ្វើកុបកម្មផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៨សីហា។

Get the SBS Audio app

Other ways to listen

យ៉ាងហោចណាស់ មានមនុស្ស ៣១នាក់ ដែលមានស្ត្រី ២នាក់ ត្រូវបានចាប់ខ្លួន ពីបទប៉ុនប៉ង់ធ្វើកុបកម្ម ផ្តួលរំលំរាជរដ្ឋាភិបាល នាថ្ងៃអាទិត្យ ទី១៨សីហាម្សិលមិញ។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ យុវជនខ្មែរទាំង ៣១នាក់នោះ បានចូលរួមក្នុងផែនការកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលបានញុះញង់ពីក្រៅប្រទេស ឱ្យធ្វើបាតុកម្ម កាលពីថ្ងៃអាទិត្យ ទី១៨ ខែសីហា ប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម CLV។


ក្នុងចំណោមយុវជនទាំងនោះ គឺមាន ៥នាក់ ត្រូវបានចាប់ខ្លួន នៅមុខព្រះបរមរាជវាំង កាលពីល្ងាចថ្ងៃអាទិត្យ ទី១៨ ខែសីហា។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

( សំឡេង )

រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួន តាំងពីមួយសប្តាហ៍មុន ពោលគឺចាប់តាំងពីក្រុមអ្នកតវ៉ា ជួបជុំ ធ្វើបាតុកម្ម នៅកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ ទី១១សីហា គឺកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ និងអាជ្ញាធររាជធានីខេត្តទូទាំងប្រទេសកម្ពុជា ក៏បានប្រមូលកម្លាំងប្រចាំការ និងដាក់ពង្រាយ ដើម្បីទប់ស្កាត់ការប្រមូលតវ៉ាណាមួយ នៅក្នុងប្រទេសកម្ពុជា នាថ្ងៃអាទិត្យ ទី១៨ ខែសីហា ពាក់ព័ន្ធនឹងការជំទាស់គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម CLV។

ដោយឡែក អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ ឆាយ គឹមខឿន បានបញ្ជាក់ប្រាប់កាសែតក្នុងស្រុកថា ផែនការកុបកម្មរបស់ក្រុមអគតិប្រឆាំងជ្រុលនិយម ត្រូវបានបំផ្លាញ តាមរយៈកិច្ចសហការចាត់វិធានការយ៉ាងតឹងរឹង ប្រកបដោយស្មារតីប្រុងប្រយ័ត្ន មានភាពបត់បែនរស់រវើក និងស្របតាមច្បាប់ ដោយមិនបណ្តោយឲ្យក្រុមទុច្ចរិតទាំងនោះធ្វើសកម្មភាពបំផ្លាញភាពសុខសាន្តរបស់សង្គមជាតិ។ ជាក់ស្តែង តាមរយៈការអនុវត្តផែនការប្រឆាំងអំពើកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលកំណត់ធ្វើសកម្មភាព នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ សមត្ថកិច្ច បាន​ត្រួតពិនិត្យ ឆែកឆេរ និងឃាត់ខ្លួនសមាជិកសកម្មជននៃក្រុមកុបកម្ម ចំនួន ៣១នាក់ (ស្រី ២នាក់) ដែលបានធ្វើសកម្មភាព តាមផែនការរបស់ពួកគេ ក្នុងការប្រមូលកម្លាំង នៅតាមគោលដៅ ដែលបានកំណត់ និងដកហូតបាននូវសម្ភារ វត្ថុតាងមួយចំនួន រួមមាន ដបសាំង កាំបិតស្នៀត ស្នាប់ដៃ ដំបង ជំពាមកៅស៊ូ និងគ្រាប់ដែក សម្រាប់ធ្វើសកម្មភាពប្រឆាំងតបតជាមួយសមត្ថកិច្ច។ ជនទាំងនោះ កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ច និងកំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។​

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា កងកម្លាំង និងអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងការបង្ការ ប្រឆាំងនឹងអំពើវិទ្ធង្សនា បង្កអសន្តិសុខ ឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសអរគុណចំពោះប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ ដែលយល់ដឹងអំពីគុណតម្លៃសន្តិភាព គាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីឆន្ទៈរាស្រ្ត និងមិនចូលរួមក្នុងសកម្មភាពបំផ្លិចបំផ្លាញជាតិជាមួយពួកក្រុមជ្រុលនិយមអគតិទាំងនេះ។

ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ នៅគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស សូមកុំចាញ់បោកនូវឧបាយកលនយោបាយទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយម ដែលតែងតែយកប្រជាពលរដ្ឋ មកធ្វើជាឧបករណ៍ ដោយមិនគិតពីអាយុជីវិត ការលំបាករបស់ប្រជាពលរដ្ឋ បម្រើឲ្យមហិច្ឆិតាខ្មៅកខ្វក់របស់ក្រុមបក្ខពួកខ្លួន ដើម្បីដណ្តើមអំណាច ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ។

ពោលគឺរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា ក្រុមអ្នកតវ៉ា បានប្រឆាំងតវ៉ានឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម CLV ហើយក៏ត្រូវបានរាជរដ្ឋាភិបាល ប្រកាសថា ក្រុមប្រឆាំង ដែលស្ថិតនៅក្រៅប្រទេស ដឹកនាំដោយលោកសមរង្ស៊ី បានយករឿងនេះ ធ្វើជាឈ្នាន់នយោបាយ ប្រកាសឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធក្នុងប្រទេសកម្ពុជា ងើបឡើង ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយក្រុមប្រឆាំង អះអាងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម ធ្វើឱ្យកម្ពុជា បាត់បង់ទឹកដី ៤ខេត្ត នៅភាគឦសាន គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។

ប៉ុន្តែរាជរដ្ឋាភិបាលកម្ពជា ពិសេសលោកហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសច្រានចោលនូវការលើកឡើងរបស់ក្រុមប្រឆាំង ហើយថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម គឺជាការសហការអភិវឌ្ឍខេត្តជាប់ព្រំដែនប្រទេសទាំង ៣ ដោយមិនមានការកាត់ទឹកដីកម្ពុជា ឬប្រគល់អធិបតេយ្យរបស់កម្ពុជា ឱ្យទៅប្រទេសជិតខាងដូចការចោទប្រកាន់ឡើយ៕


Share