រដ្ឋាភិបាលកម្ពុជា បន្តព្រមានអនុវត្តច្បាប់លើក្រុមអ្នកប្រឆាំងតវ៉ានឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ

PM Hun Manet warns about CLV protest.jpg

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមានអនុវត្តច្បាប់ លើក្រុមអ្នកប្រឆាំងតវ៉ានឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម - CLV។

Get the SBS Audio app

Other ways to listen

ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបន្តប្រកាសព្រមានអនុវត្តច្បាប់ ចំពោះក្រុមអ្នកតវ៉ាប្រឆាំង ដែលលោកនាយករដ្ឋមន្ត្រី ហៅថា ជាក្រុមចលនាខុសច្បាប់ ដែលយកបញ្ហាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម CLV បង្កឲ្យមានចលាចលដល់សង្គម និងប៉ះពាល់ដល់ប្រយោជន៍ជាតិ។


( សំឡេង )

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់ សុំបញ្ចេញមតិយោបល់ ដោយឈរលើស្មារតីយោគយល់គ្នា និងគោរពគ្នាទៅវិញទៅមក។ ប៉ុន្តែអ្នកបញ្ចេញមតិយោបល់ទាំងអស់ មិនត្រូវធ្វើសកម្មភាពជ្រុលហួសព្រំដែនច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងផលប្រយោជន៍ប្រទេសជាតិឡើយ។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងការបរទេសកម្ពុជា ឱ្យទាក់ទងសួរទៅរដ្ឋាភិបាលជប៉ុន ចំពោះការដែលយុវជនខ្មែរមួយចំនួន យកទឹកដីប្រទេសជប៉ុន រៀបចំការតវ៉ា ដែលលោក ហ៊ុន ម៉ាណែត លើកឡើងថា ជាការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលរបស់លោក ដែលកើតឡើងពីការបោះឆ្នោតនៅកម្ពុជា ក្រោមរូបភាពតវ៉ានឹងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជាឡាវ និងវៀតណាម CLV ។

លោក ហ៊ុន ម៉ាណែត ក៏បានប្រកាសថា ប្រទេសជប៉ុន ក៏ជាអ្នកគាំទ្រគម្រោងប្រតិបត្តិការ CLV តាំងពីចាប់ផ្តើមដំបូង នៅឆ្នាំ១៩៩៩ ហើយនៅឆ្នាំ២០០៦ ជប៉ុន បានផ្តល់ថវិកា ២០លានដុល្លារអាមេរិក សម្រាប់ជួយអភិវឌ្ឍន៍នៅតំបន់កិច្ចសហប្រតិបត្តិការខេត្តជាប់ព្រំដែនប្រទេសទាំង ៣នេះផងដែរ។

( សំឡេង )

សូមរម្លឹកថា សារអំពាវនាវ និងការប្រកាសព្រមានចាត់វិធានការច្បាប់ លើក្រុមអ្នកប្រឆាំងតវ៉ានឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម CLV នៅពេលនេះ គឺបានធ្វើឡើង ខណៈដែលប្រជាពលរដ្ឋខ្មែរមួយចំនួន រស់នៅក្រៅប្រទេស ពិសេសនៅប្រទេសកូរ៉េខាងត្បូង និងនៅប្រទេសជប៉ុន បានធ្វើបាតុកម្ម ប្រឆាំងតវ៉ា កាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤។ បន្ទាប់មក ក៏មានព័ត៌មានថា អ្នករស់នៅក្រៅប្រទេស បានប្រកាសឱ្យក្រុមអ្នកប្រឆាំងតវ៉ា ធ្វើបាតុកម្ម នៅកម្ពុជា នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

រាជរដ្ឋាភិបាល ពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ នៅកម្ពុជា ក៏បានត្រៀមជើងព្រួល ប្រុងប្រៀបទប់ទល់នឹងគម្រោងធ្វើបាតុកម្មតវ៉ានេះ ដោយព្រមានចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងអ្នកណាក៏ដោយ ដែលហ៊ានតវ៉ា ជំទាស់នឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម CLV។

កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម CLV នេះ ត្រូវបានក្រុមអ្នកប្រឆាំងតវ៉ា ចាត់ទុកថា នាំឱ្យកម្ពុជា បាត់បង់ទឹកដី និងអធិបតេយ្យ លើខេត្តទាំង ៤នៅភាគឦសាន គឺខេត្តក្រចេះ ស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។

ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ពិសេសលោកហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសច្រើនលើកច្រើនសា ដោយច្រានចោលនូវការលើកឡើងរបស់ក្រុមអ្នកប្រឆាំងតវ៉ា ហើយថា ជាគម្រោងអភិវឌ្ឍន៍ខេត្តជាប់ព្រំដែនទាំង ៤របស់កម្ពុជា ដោយមិនមែនជាការកាត់ទឹកដីកម្ពុជា ឱ្យប្រទេសឡាវ ឬប្រទេសវៀតណាម ដូចក្រុមប្រឆាំងតវ៉ា លើកឡើងនោះទេ៕


Share