ក្រុមប្រតិបត្តិការរុករក រៀបចំបញ្ជូនសាកសពអាកាសយានិក ២រូប ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធា មកភ្នំពេញ

Helicopter crash in Cambodia.jpg

ឧទ្ធម្ភាគចក្រយោធា ធ្លាក់នៅចង្កេះភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

Get the SBS Audio app

Other ways to listen

កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា សាកសពអាកាសយានិកម្នាក់ទៀត ត្រូវបានក្រុមកងកម្លាំងប្រតិបត្តិការរុករក និងសង្គ្រោះ បានរកឃើញហើយ។ ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ កំពុងរៀបចំវេចខ្ចប់ និងដឹកជញ្ជូនសាកសពអាកាសយានិក ទាំង ២រូប នៅក្នុងឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រយោធា ១គ្រឿង នៅជួរភ្នំក្រវាញ ក្នុងខេត្តពោធិ៍សាត់ ដើម្បីបញ្ជូនមកភ្នំពេញ។


នេះបើតាមលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលបានដឹកនាំប្រតិបត្តិការរុករកដោយផ្ទាល់។

( សំឡេង )

ក្រសួងការពារជាតិកម្ពុជា បានប្រកាសថា ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ នៅវេលាម៉ោង ១០ និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានរកឃើញសាកសពអាកាសយានិកម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា។ សពអាកាសយានិកនេះ ត្រូវបានរកឃើញ នៅចម្ងាយប្រមាណ ២១០ម៉ែត្រ ពីកន្លែងឧទ្ធម្ភាគចក្រ ដែលធ្លាក់ នៅចង្កេះភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ចំពោះករណីនេះ ក៏ត្រូវបានលោកនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចូលរួមដឹកនាំកម្លាំងប្រតិបត្តិការរុករក និងសង្គ្រោះ រកឧទ្ធម្ភាគចក្រ ដែលធ្លាក់នេះ ក៏បានបញ្ជាក់ពីស្ថានភាពរបស់អាកាសយានិកទាំង ២រូបនោះ យ៉ាងដូច្នេះថា៖

( សំឡេង )

សូមរម្លឹកថា កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ក្រុមកងកម្លាំងប្រតិបត្តិការរុករក និងសង្គ្រោះ បានរកឃើញឧទ្ធម្ភាគចក្រ យោធា ១គ្រឿង ដែលបានធ្លាក់ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងឧទ្ធម្ភាគចក្រយោធា ១គ្រឿង ដែលបាត់ដំណឹង តាំងពីថ្ងៃទី១២ ខែកក្កដានោះ ត្រូវបានក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ បានរកឃើញសាកសព អាកាសយានិកម្នាក់ ជាប់នឹងកៅអី គឺលោក ខេង ឆៃយុទ្ធ។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ប្រភេទ Z-9 រួមនឹងអាកាសយានិកចំនួន ២រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការកងទ័ពអាកាស នៅពេលកំពុងហាត់ហ្វឹកហ្វឺនហោះហើរផ្លូវឆ្ងាយ ភ្នំពេញ-ពោធិ៍សាត់-កោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ភា្លមៗក្រុមជួយសង្គ្រោះ ដែលចូលរួមពីបណ្តាកងឯកភាពពាក់ព័ន្ធ មានឧទ្ធម្ភាគចក្រ ដ្រូន កងទ័ពថ្មើរជើង សរុបជាង ១០០០នាក់ បានបើកប្រតិបត្តិការរុករកយ៉ាងយកចិត្តទុកដាក់ នៅចំណុចបាត់ការទាក់ទងចន្លោះពីព្រំប្រទល់អូរសោម និងថ្មដា ក្នុងតំបន់ភ្នំជួរក្រវាញ ក្នុងខេត្តពោធិ៍សាត់។ ប៉ុន្តែដោយសារអាកាសធាតុ គឺធ្លាក់ភ្លៀង និងខ្យល់ខ្លាំង មិនអំណោយផល បានក្លាយជាឧបសគ្គដល់ការរុករកនេះ។

យ៉ាងណាក៏ដោយ បន្ទាប់ពីបើកប្រតិបត្តិការរុករកអស់រយៈពេល ១៧ថ្ងៃ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ក្រុមជួយសង្គ្រោះ បានរកឃើញ
ដែលបានធ្លាក់នោះ ស្ថិតនៅចំណុចភ្នំយ៉ាវយ៉ៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាមួយនឹងសពអាកាសយានិកម្នាក់ ខណៈអាកាសយានិកម្នាក់ទៀត ត្រូវបានរកឃើញ កាលពីថ្ងៃទី៣០ ខែកក្កដា នៅចម្ងាយជាង ២០០ម៉ែត្រពីឧទ្ធម្ភាគចក្រ ដែលធ្លាក់។

សាកសពអាកាសយានិកទាំង ២រូប នឹងត្រូវនាំយកទៅធ្វើបុណ្យសព នៅក្នុងបញ្ជាការដ្ឋានកងទ័ពអាកាស ពោធិ៍ចិនតុង នៅស្ថិតនៅជាប់នឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយនៅល្ងាចថ្ងៃទី៣០ ខែកក្កដា រោងបុណ្យសព ត្រូវបានរៀបចំរួចរាល់ហើយ៕


Share