khmer_240719_criminal_record_digital

Criminal Record Digital System.jpg

កម្ពុជាដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្រថ្កោលទោសឌីជីថល

Get the SBS Audio app

Other ways to listen

ក្រសួងយុត្តិធម៌ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឯកភាព ដាក់ឱ្យដំណើរការជាផ្លូវការនូវ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលអាចផ្ទៀងផ្ទាត់ តាមរយៈ QR Code លើព្រឹត្តិបត្រថ្កោលទោស លេខ៣ របស់ក្រសួងយុត្តិធម៌ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។


សេចក្តីប្រកាស លើកឡើងថា កិច្ចសហប្រតិបត្តិការនេះ ជាការធ្វើបរិវត្តកម្មឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព និងទំនុកចិត្តលើការផ្តល់សេវាសាធារណៈរបស់ក្រសួងយុត្តិធម៌ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២ ដល់ឆ្នាំ២០៣៥ ជាពិសេស គឺជាការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានកំណត់យកបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងនិន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ឈានទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

សេចក្តីប្រកាសរួម ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បង្ហាញថា ការដាក់ឱ្យដំណើរការនូវ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» ដែលអាចផ្ទៀងផ្ទាត់តាមរយៈ QR Code លើព្រឹត្តិបត្រថ្កោលទោស លេខ៣ របស់ក្រសួងយុត្តិធម៌ នឹងផ្តល់ភាពងាយស្រួលក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់ព្រឹត្តិបត្រថ្កោលទោសលេខ៣ នៃក្រសួងយុត្តិធម៌ ដោយគ្រាន់តែប្រើប្រាស់នូវម៉ាស៊ីនថតរបស់ឧបករណ៍ឆ្លាតវៃ ក្នុងការស្កេន QR Code តែប៉ុណ្ណោះ។

សេចក្តីប្រកាសរួមដដែល បានបញ្ជាក់ថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលបច្ចេកវិទ្យាឌីជីថលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារ នៅលើថ្នាលនេះ ត្រូវធ្វើឡើង តាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន ( Blockchain ) ដែលមានសុវត្ថិភាពខ្ពស់ នៅលើសន្លឹកនៃឯកសារនីមួយៗ៕


Share